ថ្នាំនោមផ្អែមដ៏សាមញ្ញ និងមានតម្លៃមិនថ្លៃ
ត្រូវបានរកឃើញថា អាចជួយប្រឆាំងជំងឺមហារីកសម្បុកពងបាន
ដោយការសិក្សាថ្មីមួយ ដែលចុះផ្សាយក្នុងព្រឹត្តិបត្រCancer
បានបង្ហាញថា ស្ត្រីដែលទទួលការព្យាបាលមហារីកសម្បុកពង
នៅគ្លីនិកម៉ាយូ (Mayo Clinic) ដែលប្រើថ្នាំមេតហ្វ័រមីន (Metformin)
សម្រាប់ជំងឺទឹកនោមផ្អែម របស់ពួកគេ អាចរស់នៅបានយូរ
ជាងស្ត្រីដែលមានដំណាក់កាលមហារីកដូចគ្នា ប៉ុន្តែ
មិនកើតទឹកនោមផ្អែម និងមិនប្រើថ្នាំមេតហ្វ័រមីន។
លទ្ធផលបង្ហាញថា ក្នុងចំណោមស្ត្រី ២៣៩នាក់
ក្នុងការសិក្សាដែលកើតមហារីកសម្បុកពង ៦៧% នៃអ្នកដែលលេបថ្នាំមេតហ្វ័រមីន
អាចនៅរស់រានមានជីវិតជិត៥ឆ្នាំ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ របស់ពួកគេ
ធៀបនឹង ៤៧% នៃស្ត្រី១៧៨នាក់ ដែលមិនលេបមេតហ្វ័រមីន ដោយអ្នកជំងឺទាំងអស់
ទទួលការព្យាបាលតាមបែបគីមីបំបាត់។
យោងតាមលោកវីជី ស៊្រីដារ (Viji Shridar) ដែលជាអ្នកស្រាវជ្រាវក្នុងការសិក្សា
បាន ប្រាប់ថា “ទោះបីវាមិនទាន់ច្បាស់ថា តើថ្នាំនេះ ធ្វើការប្រឆាំងនឹងមហារីក
ដូចម្តេច ប៉ុន្តែ វាអាចទៅរួចថា ថ្នាំមេតហ្វ័រមីន
បង្អត់ប្រភពថាមពលនៃកោសិកាមហារីក ឈ្មោះគ្លុយកូស (Glucose) ដោយ
ការរារាំងការលូតលាស់នៃកោសិកាទាំងនោះ”។
ទោះបីយ៉ាងណា វេជ្ជបណ្ឌិត រ៉ូបឺត អិល ខូលមេន (Robert L. Coleman)
ដែលជាអ្នកជំនាញផ្នែកមហារីក និងរោគស្ត្រី នៃមជ្ឈមណ្ឌលមហារីក អឹមឌី អែនដឺសុន
(MD Anderson Cancer Center) បានប្រាប់ថា ការសិក្សានេះ
គ្រាន់តែបង្ហាញនូវការពាក់ព័ន្ធជាជាងទំនាក់ផ្ទាល់រវាងមេតហ្វ័រមីន
និងអត្រារស់រានពីមហារីកសម្បុកពង។
លោកបានបន្ថែមថា លោកធ្លាប់ព្យាបាល អ្នកជំងឺមហារីកសម្បុកពង អស់ជាច្រើនឆ្នាំ
ហើយមានអ្នកជំងឺខ្លះ ស្នើសុំវេជ្ជបញ្ជាប្រើមេតហ្វ័រមីន ប៉ុន្តែ
លោកត្រូវបដិសេធ ដរាបណា ពុំទាន់បានធ្វើតេស្តពិសោធន៍ច្បាស់លាស់។ នៅពេលអនាគត
ត្រូវធ្វើការស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់ពីគុណប្រយោជន៍ជាក់លាក់
ដោយអ្នកជំងឺមហារីក មិនអាច ត្រូវផ្តល់ថ្នាំមេតហ្វ័រមីន សម្រាប់គោលបំណង
នៃការព្យាបាលមហារីក ឡើយ៕
0 comments:
Post a Comment